ការអភិវឌ្ឍន៏អោយមានភាពរីកចំរើន ចំពោះស្ថាប័ន
ឬអង្គភាពណាមួយ សុទ្ធតែមានពាក់ព័ន្ធទៅនឹងនិយមន័យរបស់ Marketing ទាំងអស់។ ដូច្នេះបើមានចំណេះដឹងបន្តិចបន្តួចខាង ទីផ្សារ
ក៏មិនមានអ្វីជាអាក្រក់ដែរ មិនថាអ្នកជាមន្ត្រីរាជការ ឬអ្នកលក់ដូរតូចតាចនៅតាមផ្លូវនោះទេ។
ហើយខាងក្រោមនេះជាហេតុផលដែលត្រូវចេះ Marketing ខ្លះៗ៖
១. យកចិត្តទុកដាក់ស្តាប់អ្នកដ៏ទៃ
អ្នកទីផ្សារត្រូវការស្តាប់អោយបានច្រើន ដើម្បីស្វែងរកឱកាស
និងបង្កើននូវទំនាក់ទំនងនៅក្នុងសង្គម។
ទន្ទឹមនឹងអ្នកណាៗក៏អាចក្លាយជាអ្នកពូកែស្តាប់បានដែរនោះ
អ្នកទីផ្សារក៏ត្រូវតែចេះវិភាគទិន្នន័យផងដែរ។
ហើយនេះជាប្រតិបត្តការដោយផ្ទាល់មិនមែនប្រយោល
អ្នកក៏ត្រូវចេះស្វែងយល់អំពីជំរៅចិត្តរបស់អ្នកនិយាយ ថាពួកគាត់ចង់បានអ្វី
និងត្រូវការអ្វីជាចាំបាច់។
២. ការសំរេចចិត្ត
ផ្នែកសំខាន់ដំបូងរបស់ទីផ្សារគឺទីផ្សារគោលដៅ។
បន្ទាប់ពីទទួលបានទិន្នន័យពីអតិថិជនរួចហើយ
អ្នកត្រូវយកវាមកវិភាគដើម្បីធ្វើការកាត់ចំណែកទីផ្សារ។ មិនថាអ្នកជាវិចិត្រករ
ឬក៏អ្នកលេងភ្លេង ការវិភាគទិន្នន័យបានយ៉ាងល្អិតល្អន់ចំពោះអតិថិជន ឬទស្សនិកជន
មានន័យថាអ្នកយល់យ៉ាងច្បាស់លាស់ពីតួនារទី ឬអាជីវកម្មរបស់អ្នក។
៣. ប្រមូលផ្តុំនូវទំនុកចិត្ត
ទីផ្សារគឺជាការស្វែងយល់ និងទៅអោយដល់គោលដៅ។
អ្នកទីផ្សារល្អត្រូវតែចេះស្វែងយល់ពីជំរៅចិត្តរបស់មនុស្សគ្រប់រូប
ដើម្បីធ្វើយ៉ាងណាអោយពួកគេងាកមកចាប់អារម្មណ៏ចំពោះសេវាកម្ម ឬផលិតផលរបស់លោកអ្នក។
បើសិនជាអ្នកអាននូវគំនិតរបស់អតិថិជនបានហើយ នោះនឹងមានភាពងាយស្រួលក្នុងការរាយការណ៏
ទៅអ្នកគ្រប់គ្រង ឬរៀបចំទីផ្សារគោលដៅដោយខ្លួនឯង។
៤. ការសន្សំសំចៃ
ចំពោះអាជីវកម្មធុនតូច និងមធ្យមអាចមានភាពលំបាករឿងថវិការ
ក្នុងការផ្សាយពាណិជ្ជកម្ម។
ដូច្នេះអ្នកត្រូវតែស្វែងរកមធ្យោបាយណាដែលអស់ប្រាក់តិចបំផុត
និងមានប្រសិទ្ធិភាពខ្ពស់។ សព្វថ្ងៃនេះអ្នកទីផ្សារចូលចិត្តប្រើបណ្តាញទំនាក់ទំនងសង្គម
ដើម្បីទៅអោយដល់ទីផ្សារគោលដៅរបស់ពួកគេ។
៥. យល់ដឹងពីអ្វីៗនៅជំវិញខ្លួន
អ្នកទីផ្សារត្រូវតែដឹងអ្វីទាំងអស់ដែលកើតមានឡើងនៅជំវិញខ្លួន
ដូចជាការអានសារពត៍មាន ចូលរួមពីធីបុណ្យផ្សេងៗ
និងស្វែងយល់អំពីវប្បធម៌របស់ជនជាតិដ៏ទៃ។ ដែលទាំងនេះអាចអោយអ្នកពង្រឹង និងពង្រីកអាជីវកម្មរបស់អ្នកបានថែមមួយកំរិតទៀត៕